ក្បួនប្រក្រតិទិនរបស់ចិន ដែលមានឈ្មោះថា Tung Shu ត្រូវបានគេចាត់ទុកជាគម្ពីរ និងជាក្បួនទស្សន៍ទាយថ្ងៃខែឆ្នាំថាល្អ និងអាក្រក់ ហើយក្បួនតម្រាល Tung Shu នេះ មានអ្វីច្រើនជាងនេះទៅទៀត។ ក្បួននេះ គឺជាប្រភពដ៏មហាសាល នៃរឿងរ៉ាវ ដែលទាក់ទងនឹងហោរាសាស្ដ្រ ក្រម និងនិមិត្ដរូបផ្សេងៗ ដែលទទួលបានពីអ្នកប្រាជ្ញ និងទស្សនវិទូ បុរាណចិន។ ខាងក្រោមនេះ យើងនឹងបកស្រាយនូវអាថ៌កំបាំង ពីក្បួន ដែលទាក់ទងនឹងប្រជ្រុយ នៅលើមុខរបស់អ្នក ព្រមទាំងអត្ថន័យ ដែលវាបញ្ជាក់ ដោយយោងទៅលើទីតាំង ដែលវាស្ថិតនៅ។
ជាដំបូង សូមពិនិត្យ មើលផ្ទៃមុខរបស់អ្នក ដើម្បីរកឱ្យឃើញប្រជ្រុយណាមួយ ហើយបន្ទាប់មករកមើល នៅក្នុងតារាងខាងលើ ដើម្បីកំណត់លេខ ដែលកៀកបំផុតទៅនឹងប្រជ្រុយ នៅលើមុខរបស់អ្នក។ ជាធម្មតា ប្រជ្រុយ តែងតែបញ្ជាក់អត្ថន័យសម្រាប់អ្នក ប្រសិនបើវាលេចចេញមកច្បាស់ ហើយវាមានតែមួយទៀតនោះ។ ប្រសិនបើមុខរបស់អ្នកពោរពេញដោយស្នាមអុជខ្មៅ ស្នាមមុន ឬប្រជ្រុយតិចតួច នោះវាមិនត្រូវបានរាប់ជាប្រជ្រុយសំខាន់នោះទេ។ នៅពេលអ្នក កំណត់បានច្បាស់ ពីទីតាំង ដែលប្រជ្រុយ ស្ថិតនៅហើយ សូមអានអត្ថន័យ ដែលបានសរសេរជាលេខរៀងខាងក្រោម៖

ទីតាំងលេខ១ ដល់ លេខ ៣
ទីតាំងនេះ បញ្ជាក់ថា កាលពីនៅក្មេង អ្នកមានអាកប្បកិរិយា មិនស្ដាប់បង្គាប់ និងជាមនុស្សឯករាជ្យ។ អ្នកមាន គំនិតច្នៃប្រឌិតពីកំណើត និងធ្វើការបានល្អបំផុត នៅពេល ដែលអ្នកត្រូវបានគេ ប្រគល់ការងារឱ្យធ្វើ។ ជាទូទៅ ចៅហ្វាយនាយរបស់អ្នក តែងមានការពេញចិត្ដនូវគំនិតច្នៃប្រឌិតរបស់អ្នក។ ប្រសិនបើអ្នកមានប្រជ្រុយនៅត្រង់ចំណុចនេះ បញ្ជាក់ថា អ្នកមានភាពប៉ិនប្រសប់ នៅក្នុងការធ្វើមុខជំនួញ និងការធ្វើជាចៅហ្វាយផ្ទាល់ខ្លួន ជាជាងការធ្វើការឱ្យនរណាម្នាក់។ អ្វីដែលជាអំណោយទានដ៏ល្អនោះ គឺថាអ្នកមានសំណាងក្លាយជាថៅកែ ដោយខ្លួនឯង។
ទីតាំងលេខ ៤
អ្នក គឺជាមនុស្ស ដែលធ្វើអ្វី ទៅតាមសន្ទុះចិត្ដនឹកឃើញ ដោយជាញឹកញាប់ អ្នកតែងសម្ដែងអាកប្បកិរិយាទាក់ទាញការចាប់អារម្មណ៍ ពីអ្នកនៅជុំវិញខ្លួន ដែលប្រការនេះផ្ដល់ឱ្យអ្នក នូវភាពអំណោយទានផ្នែកទាក់ទាញចិត្ដអ្នកដទៃ និងបុគ្គលិកលក្ខណៈប្រកបដោយថាមពល ប៉ុន្តែអ្នកអាចនឹងមានការលំបាក នៅពេលអ្នក គិតឃើញនូវគំនិតជាច្រើនផងដែរ។ អ្នក មានទំនោរជាមនុស្សចូលចិត្ដវែកញែករកហេតុផលច្រើន ឬឈ្លោះប្រកែក ប៉ុន្តែការវែកញែករកហេតុផលនេះ មិនធ្លាប់ឈានដល់ចំណុចមួយ ដែលធ្វើឱ្យគូភាគីមានការគុំគួននោះទេ។ ប្រជ្រុយនេះ មានទំនោរផ្តល់ឱ្យអ្នកនូវអត្តរិតផ្ទុះកំហឹង ខឹងឆេវឆាវ ដូច្នេះ អ្នកគួរតែសម្រេចចិត្ត លះបង់នូវអាកប្បកិរិយាបែបនេះ បន្ទាប់មកអ្នកនឹងរកឃើញថា ខ្លួនឯងក្លាយជាមនុស្សចិត្ដធ្ងន់ និងមានសន្តិភាពជាមួយនឹងពិភពលោកជុំវិញខ្លួន។
ទីតាំងលេខ ៥
ប្រជ្រុយ នៅខាងលើចិញ្ចើមបញ្ជាក់ថា អ្នកមានសំណាងខាងទ្រព្យសម្បត្តិ នៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកក៏នឹងត្រូវខំរកវា និងខិតខំធ្វើការ ជាងមនុស្សភាគច្រើនដែរ។ ប្រាក់ចំណូលទាំងអស់ ដែលអ្នករកបាន ត្រូវរក្សាទុកឱ្យបានល្អ ព្រោះមានមនុស្ស ដែលច្រណែននឹងអ្នក ដែលគេអាចប៉ុនប៉ងនិយាយផ្អែមល្ហែមលួងលោម កេងយកទ្រព្យសម្បត្តិរបស់អ្នក។ ត្រូវប្រុងប្រយ័ត្នចំពោះអ្នក ដែលព្យាយាមយកចិត្ដអ្នក នៅក្នុងផែនការចម្រើនផល ឥតហេតុ(ចុងមានបានផ្លូវកាត់) ។ ប្រសិនបើអ្នក មានប្រជ្រុយត្រង់ចំណុចនេះ អ្នកគួរកុំទុកចិត្ដអ្នកដទៃខ្លាំងពេក។ សូមអនុវត្តតាមសភាវគតិរបស់អ្នក និងត្រូវប្រុងប្រយ័ត្ន។ ហើយមិនត្រូវអនុញ្ញាតឱ្យមនុស្សដទៃគ្រប់គ្រងលើហិរញ្ញវត្ថុរបស់អ្នកនោះទេ។
ទីតាំងលេខ ៦
ប្រជ្រុយ នៅត្រង់ចំណុចនេះ បញ្ជាក់ពីភាពវៃឆ្លាត ភាពច្នៃប្រឌិត និងជំនាញ ជាសិល្បករ។ ទេពកោសល្យសិល្បៈ របស់អ្នក អាចនាំមកឱ្យអ្នកនូវទ្រព្យសម្បត្ដិ កិត្ដិយសកេរ្ដិ៍ឈ្មោះ និងភាពជោគជ័យ ។ វាក៏បញ្ជាក់ពីលាភសំណាងខាងទ្រព្យសម្បត្តិដែរ ប៉ុន្តែលាភសំណាងខាងទ្រព្យសម្បត្ដិនោះ អាចលេចឡើងប្រាកដបាន លុះត្រាតែអ្នកធ្វើតាមបេះដូងរបស់អ្នក ជាជាងប្រកាន់ខ្ជាប់ នឹងមធ្យោបាយធម្មតានៃការរកទទួលទានស្វែងរកទ្រព្យសម្បត្ដិ ។ ភាពជោគជ័យ នឹងចូលមករកអ្នក ប្រសិនបើអ្នកតាំងចិត្ដឱ្យក្លាហាន។
ទីតាំងលេខ ៧
ប្រជ្រុយ នៅក្រោមចិញ្ចើមបញ្ជាក់ថា ក្នុងក្រុមគ្រួសារ នឹងមានជម្លោះទាស់ទែងគ្នា ដែលបណ្តាលឱ្យអ្នកមិនសប្បាយចិត្ត និងទុក្ខព្រួយ។ កត្ដានេះ នឹងប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់អ្នក។ តម្រាលណែនាំឱ្យអ្នកដោះស្រាយការខ្វែងគំនិតគ្នា ដែលអ្នកមាន ជាមួយនឹងសាច់ញាតិរបស់អ្នក ប្រសិនបើអ្នកចង់ បានសន្តិភាព ផ្លូវចិត្ដបន្ដទៅទៀត។
ទីតាំងលេខ ៨
នេះ មិនមែនជាទីតាំងល្អ ដែលគួរមានប្រជ្រុយនោះទេ ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក នឹងត្រូវស្ថិតក្រោមសម្ពាធជានិច្ច ដោយសារតែនិន្នាការចំណាយលើសកំណត់។ ម្យ៉ាងទៀត អ្នកជាប្រភេទមនុស្ស ដែលមានទំនោរចិត្ដញៀននឹងល្បែង។ រឿងតែមួយគត់ ដែលអ្នកត្រូវភ្ញាក់រលឹកនោះគឺថា អ្នកត្រូវបញ្ឈប់នូវភាពល្មោភនឹងល្បែងនោះ ។ ទន្ទឹមនឹងនេះដែរ មនុស្ស ដែលមានប្រជ្រុយ នៅត្រង់ចំណុចនេះ មានទំនោរចែចង់ស្នេហា ជាមួយនឹងក្រុមមនុស្សភេទផ្ទុយគ្នា ព្រមទាំងមនុស្សភេទដូចគ្នាផងដែរ។ យកល្អអ្នកគួរ ដាក់កំហិតឱ្យខ្លួនថា នឹងជ្រើសរើសស្រឡាញ់ភេទមួយណាឱ្យពិតប្រាកដ បើមិនដូច្នោះទេ អ្នកនឹងជួបបញ្ហាស្មុគ្រស្មាញជាមិនខាន។
ទីតាំងលេខ ៩
ទីតាំងប្រជ្រុយនេះ បញ្ជាក់ពីបញ្ហាផ្លូវភេទ និងបញ្ហាផ្សេងៗទៀត។ វាគឺជាប្រជ្រុយអព្វមង្គល ហើយបើអាចទៅរួច អ្នកគួរកាត់ប្រជ្រុយត្រង់កន្លែងចេញ ។ វានាំមកនូវទុក្ខព្រួយយូរអង្វែង និងមានបញ្ហាជាប់តគ្នា រាប់មិនអស់។
ទីតាំងលេខ ១០
ប្រជ្រុយ ដែលស្ថិតនៅក្រោមច្រមុះនេះ បញ្ជាក់ថា អ្នកមានលាភសំណាង បានកូនចៅមើលថែរក្សាទំនុកបម្រុង នាពេលអនាគត ។ អ្នកនឹងជុំជិត ដោយគ្រួសារគ្រប់ពេលវេលា ហើយនឹងមានកូន និងចៅជាច្រើន។ អ្នក នឹងមានការជ្រោមជ្រែងពីកូនចៅ ដែលអ្នកស្រឡាញ់ស្និទ្ធស្នាល ព្រមទាំងទទួលបានភាពគ្រប់គ្រាន់ពេលលេញ ទាំងផ្នែកសម្ភារៈ និងខាងផ្លូវចិត្ដ។
ទីតាំងលេខ ១១
ប្រជ្រុយ នៅត្រង់ចំណុចនេះ បញ្ជាក់ពីដំណើរបង្អោនទៅរកជំងឺឈឺថ្កាត់ ។ យកល្អ អ្នកត្រូវកាត់ប្រជ្រុយនេះចេញ ជាពិសេស ប្រសិនបើវា ជាប្រជ្រុយ ដែលមានទំហំធំ និងមានពណ៌ក្រហមចាស់។ បើមិនដូច្នោះទេ សូមអ្នកប្រើម្សៅទ្រនាប់ឱ្យរាងក្រាស់បន្ដិច ដើម្បីបិទបាំងវា។
ទីតាំងលេខ ១២
ប្រជ្រុយនៅត្រង់ចំណុចនេះ ទំនាយទាយថា អ្នកនឹងទទួលបានជោគជ័យ ហើយថែមទាំងមានខ្សែជីវិតប្រកបដោយតុល្យភាពទៀតផង។ ទៅថ្ងៃអនាគត អ្នកទំនងជាមិនមែនគ្រាន់តែជាអ្នកមានទ្រព្យសម្បត្ដិតែម្យ៉ាងនោះទេ តែថែមទាំងមានកិត្ដិយសកេរ្ដិ៍ឈ្មោះទៀតផង។ ប៉ុន្តែទោះបីជាអ្នកមានឱកាសរស់នៅ ក្នុងជីវិតខ្ពង់ខ្ពស់ទៅហើយក្ដី តែអ្នកក៏នឹងមានផ្ទះសំបែង និងជីវិតក្រុមគ្រួសារគួរជាទីគាប់ចិត្ដផងដែរ។ ស្ត្រី ដែលមានប្រជ្រុយនៅត្រង់ចំណុចនេះ មានភ័ព្វសំណាងពិសេស និងមានសម្រស់ស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញផងដែរ។
ទីតាំងលេខ ១៣
ប្រជ្រុយ នៅត្រង់ចំណុចនេះទាយថា កូនរបស់អ្នក នឹងក្លាយជាក្ដីព្រួយបារម្ភដ៏ធំមួយ នៅក្នុងជីវិតរបស់អ្នក។ ទំនាក់ទំនងរបស់អ្នក ជាមួយពួកគេ គឺមិនមានលក្ខណៈល្អប្រសើរនោះឡើយ។ ចំពោះបញ្ហានេះ គ្មានដំណោះស្រាយណា ដែលអាចជួយឱ្យល្អប្រសើរនោះទេ ក្រៅអំពីភាពអត់ឱនរបស់អ្នក ចំពោះពួកគេ។
ទីតាំងលេខ ១៤
ប្រជ្រុយ នៅត្រង់ចំណុចនេះ បញ្ជាក់ពីភាពងាយរងគ្រោះ ចំពោះចំណីអាហារបរិភោគ ដែលអាចក្លាយជាបញ្ហាដ៏ធំ នៅក្នុងជីវិតរបស់អ្នក។ អ្នកអាចមានប្រតិកម្មអាលែហ្សី ប្រឆាំងនឹងអាហារមួយចំនួន ឬអ្នកអាចជាមុស្សភរិភោគច្រើនលើសកំណត់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
ទីតាំងលេខ ១៥
ប្រជ្រុយនៅត្រង់នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សម្នាក់ ដែលតែងតែមានដំណើរឆ្ពោះទៅមុខជានិច្ច និងមានការច្នៃប្រឌិត ជួសជុលរចនាឡើងវិញនូវផ្ទះរបស់អ្នកឥតឈប់ឈរ។ អ្នកចង់ឱ្យគេណែនាំនូវអ្វី ដែលថ្មី និងរកមើលកន្លែងថ្មី។ អ្នក នឹងមិនសប្បាយចិត្តទេ ប្រសិនបើអ្នកស្ថិតនៅមួយកន្លែងរយៈពេលយូរ។ អ្នក រីករាយក្នុងការធ្វើដំណើរ និងការផ្សងព្រេង ហើយក្រសែភ្នែករបស់អ្នកមុតស្រួត ពូកែខាងសង្កេតខ្លាំងណាស់។
ទីតាំងលេខ ១៦
អ្នកចាំបាច់ត្រូវ មានការប្រុងប្រយ័ត្ន នៅពេលអ្នកបរិភោគអាហារ និងនៅពេលឈានដល់ជីវិតផ្លូវភេទរបស់អ្នក ។ ទាំងនេះ គឺជាបញ្ហា ២ ដ៏ធំបំផុតរបស់អ្នក។ អ្នក មានទំនោរទៅរកបញ្ហា ឡើងទម្ងន់ ដែលអាចធ្វើឱ្យអ្នកមានជំងឺធ្លាក់ទឹកចិត្ត។ អ្នករីករាយ ក្នុងរឿងស្នេហា , ដែពេលខ្លះ អ្នកមានស្នេហាជំពាក់ជំពិន ជាមួយនឹងដៃគូច្រើន, ប៉ុន្តែដោយសារតែអ្នក គឺជាមនុស្ស មានសីលធម៌ខ្លះនោះ អ្នកនឹងមានអារម្មណ៍ថា មានកំហុសអំពីរឿងស្នេហាបែបនេះ ហើយវានឹង ធ្វើឱ្យអ្នកមានភាពតានតឹងច្រើន។
ទីតាំងលេខ ១៧
អ្នក នឹងជាមនុស្ស ដែលលេចធ្លោ ក្នុងសង្គមយ៉ាងខ្លាំង។ អ្នកមានអត្តចរិតសកម្ម នៅលើឆាក សង្គម និងជាមនុស្សសម្បូរវោហារបំផុត។ អ្នក មានទំនោរទៅរកភាពអំនួត អំពីការទទួលបានជោគជ័យ ដែលអាចនាំឱ្យអ្នកបាត់បង់កេរ្ដិ៍ឈ្មោះល្អរបស់ខ្លួន។ កត្ដានេះ នឹងប៉ះពាល់ដល់អ្នក យ៉ាងខ្លាំង ដោយសារតែអ្នកមានទំនុកចិត្ត និងឱ្យតម្លៃលើខ្លួនឯងខ្លាំងជ្រុលពេក ដែលលើសពីអ្វី ដែលអ្នកដទៃគិតចំពោះអ្នក។
ទីតាំងលេខ ១៨
អ្នក គឺជាមនុស្សម្នាក់ ដែលតែងតែ មានការវិវត្ដទៅមុខជានិច្ច។ អ្នកនឹងមានដំណើរទេសចរណ៍យ៉ាងច្រើន ទៅក្រៅប្រទេសនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែមទៀត រាល់ពេល ដែលអ្នកឆ្លងកាត់មហាសាគរ ពីព្រោះប្រជ្រុយរបស់អ្នក ចង់ ឱ្យអ្នកស្នាក់នៅក្នុងផ្ទះ ជាងកាលដែលធ្វើដំណើរចេញទៅក្រៅប្រទេស។
ទីតាំងលេខ ១៩
អ្នកមានលាភសំណាងខាងលុយកាក់ និងខាងមានមិត្តភក្តិល្អច្រើន , ដូច្នេះ នេះគឺជាទីតាំងដ៏ល្អ ដែលយើងគួរមានប្រជ្រុយ។ ភាពទន់ខ្សោយរបស់អ្នក គឺថា អ្នកមានទំនោរបង្អោនទៅរក ការជាប់ចិត្ដស្នេហា មនុស្សភេទផ្ទុយគ្នា។ នៅក្នុងជីវិតរបស់អ្នក ការងាយជាប់ស្នេហ៍បែបនេះ អាចនាំអ្នកឈានទៅរកភាពក្ដៅក្រហាយចិត្ដ ដូច្នេះត្រូវហាមប្រាមចិត្ដ កុំឱ្យពុះកញ្ជ្រោលរឿងបែបនេះខ្លាំងពេក!
ទីតាំងលេខ ២០
ប្រជ្រុយ នៅត្រង់កន្លែងនេះ អាចជាប្រជ្រុយនាំលាភសំណាងបំផុត ឬក៏នាំភាពអពមង្គលបំផុត។ ប្រសិនបើអ្នកមានប្រជ្រុយត្រង់កន្លែងនេះ អ្នកនឹងត្រូវមានវាសនាទទួលបានកេរ្ដិ៍ឈ្មោះល្អ ឬត្រូវអពយស។ អ្នកមានភាពឈ្លាសវៃយ៉ាងខ្លាំងសម្រាប់ការច្នៃប្រឌិត ប៉ុន្តែទេពកោសល្យរបស់អ្នក អាចត្រូវបានប្រើសម្រាប់ទាំងផ្លូវល្អ និងអាក្រក់។ អ្នកមិនមែនជាប្រភេទមនុស្ស ដែលអាចឱ្យគេនិយាយលេងសើចជាមួយច្រើនបាននោះទេ ហើយថែមទាំងជាមនុស្ស ដែលមិនងាយនឹងធ្វើឱ្យរំជួលចិត្ដ។ ពេលខឹង អ្នកមិនងាយ នឹងមានភាពអត់ឱន និងបំភ្លេចចោល យ៉ាងងាយស្រួលឡើយ។ ប្រជ្រុយនេះជាសញ្ញានៃមនុស្សណាម្នាក់ ដែលនឹងត្រូវបានចារ ក្នុងប្រវត្តិសាស្ត្រថា ជាអ្នកធំ ឬជាអ្នកកាន់អំណាចផ្ដាច់ការ។
ទីតាំងលេខ ២១
នេះគឺជាប្រជ្រុយល្អ ព្រោះវាបានបង្ហាញថា អ្នកនឹងមានគ្រឿងបរិភោគ និងភេសជ្ជៈហូរហៀរ ពេញមួយជីវិត របស់អ្នក។ប្រជ្រុយនេះ នឹងផ្តល់កិត្តិនាម និងការទទួលស្គាល់ដល់អ្នក។
ទីតាំងលេខ ២២
ជីវិតរបស់អ្នក តែងតែមានភាពសប្បាយរីករាយ ហើយអ្វីៗនឹងដំណើរការយ៉ាងរលូនសម្រាប់អ្នក។ អ្នកអាចក្លាយទៅតារាល្បីលើវិស័យកីឡាមួយរូប ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តវា។ ប្រជ្រុយ នៅចុងចិញ្ចើមនេះផងដែរ បានបង្ហាញថា មនុស្សម្នាក់នេះ មានសិទ្ធិអំណាចយ៉ាងអស្ចារ្យ ដូច្នេះប្រសិនបើអ្នក ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុនមួយ អ្នកនឹងដឹកនាំអង្គភាពបានយ៉ាងល្អ ។
ទីតាំងលេខ ២៣
អ្នកមានកម្រិតប្រាជ្ញាខ្ពស់ ហើយអ្នកឆ្លាតទាំងការគិត និងឆ្លាត ក្នុងការដោះស្រាយបញ្ហាលំបាក និងគ្រោះថ្នាក់ផ្សេងៗ ក្នុងជីវិត។ អ្នកមានសភាវគតិខាងការអភិវឌ្ឍជីវិតរស់នៅខ្ពស់ ហើយនឹងដឹកនាំជីវិតប្រកបដោយអត្ថន័យ និងយូរអង្វែង ។ អ្នក នឹងមានសកម្មខាងរាងកាយ រហូតដល់អ្នកមានវ័យចំណាស់ខ្លាំង ហើយនឹងមានមិត្តភក្តិ និងក្រុមគ្រួសារនៅជុំវិញរហូតដល់ទីបំផុត។
ទីតាំងលេខ ២៤
អ្នកនឹងទទួលបាននូវកិត្តិនាម និងទ្រព្យសម្បត្តិទាំងវ័យក្មេង ហើយតាមតម្រា អ្នកត្រូវរក្សាទ្រព្យនេះ ទុកបរិភោគប្រើប្រាស់ពេលវ័យចាស់ ព្រោះមនុស្ស ដែលមានប្រជ្រុយនៅត្រង់កន្លែងនេះ នឹងមានជីវិតដ៏លំបាក ពេលឈានដល់វ័យចាស់។
ទីតាំងលេខ ២៥
អ្នក នឹងរីករាយ ជាមួយនឹងភាពរុងរឿង និងលាភសំណាង , ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំសប្បាយខ្លាំងហួសហេតុ រហូតដល់ភ្លេចខ្លួន ។ សូមរក្សាអាកប្បកិរិយាឱ្យនៅប្រក្រតីដូចសព្វមួយដង ហើយអ្នក នឹងមានអាយុវែង និង ប្រកបដោយផ្លែផ្កា។
ពេលដែលអ្នកបានជ្រាបពីខ្លឹមសារ លោកអ្នក នឹងបានសប្បាយចិត្ដ ពេលដែលប្រជ្រុយ នៅត្រង់ចំណុចណាមួយ នៃផ្ទៃមុខរបស់អ្នកនោះ បញ្ជាក់ថាល្អ ហើយអ្នកនឹងមានការប្រុងប្រយ័ត្នបន្ថែម នៅពេលតម្រាទស្សន៍ទាយថា ប្រជ្រុយនៅផ្នែកណាមួយ នាំគ្រោះមិនល្អ តែពុំចាំបាច់គិតច្រើនពេកនោះទេ ហើយចាត់ទុកថា វាមិនមានអ្វីកើតមានឡើង។ អ្នកគួរចាំថា លុះត្រាតែប្រជុយនោះស្ថិតនៅចំកន្លែងនោះ ៩៥% ទើបចាត់ទុកថាវាបានការ ប្រសិនបើប្រជ្រុយនោះគ្រាន់តែស្ថិតនៅក្នុងបរិវេណចំណុចនោះ ប្រជ្រុយនោះពុំមានអត្ថន័យអ្វីឡើយ៕
Copyrighted: Moha Sneha

0 comments:
Post a Comment