ជាទូទៅមនុស្សមួយចំនួនធំ អាចដឹងមុននូវហេតុការណ៍ដែលបម្រុងនឹងកើតឡើងមកលើខ្លួន តាមរយៈការឲ្យហេតុដូចជា ការញាក់ភ្នែក, ដៃ, ច្រមុះ និងញាក់ត្រចៀកជាដើម។ ការញាក់ភ្នែក, ដៃ, ច្រមុះ និងត្រចៀកនោះ ចាស់ៗបុរាណបានកំណត់ចំណាំនូវការទស្សន៍ទាយគួរឲ្យចាប់អារម្មណ៍ ដែលមានដូចខាងក្រោមនេះ។
- បុគ្គលណា ញាក់ត្របកភ្នែកស្ដាំខាងលើ នឹងមានគេនាំលាភមកឲ្យ។
- ញាក់ត្របកភ្នែកខាងឆ្វេង (បើស្រីនិយាយដល់ញាក់ចំពាក់កណ្ដាលភ្នែក) នឹងមានមនុស្សមករក។
- ញាក់ត្របកភ្នែកឆ្វេងខាងក្រោម មានគេចោទប្រកាន់។
- ញាក់ច្រមុះ មានគេរករឿងរកហេតុ មិនល្អទេ។
- ញាក់ត្រចៀកស្ដាំ នឹងបានឮដំណឹងអាក្រក់ បើញាក់ត្រចៀកឆ្វេងនឹងមានលាភ។
- ញាក់ខាងស្ដាំ នឹងបានកូនប្រុសជាទីគាប់ចិត្ត ញាក់ខាងឆ្វេង នឹងបានកូនស្រីជាទីស្រឡាញ់។
- ញាក់ក្លៀកខាងឆ្វេង នឹងមានលាភ, ញាក់ក្លៀកខាងស្ដាំ នឹងមានរឿងរ៉ាវ។
- ញាក់ខ្នងនឹងបានធ្វើការនៅបន្ទប់អ្នកធំ។
- ញាក់បបូរមាត់ស្ដាំ មានលាភ, ញាក់បបូរមាត់ខាងក្រោម នឹងមានទុក្ខព្រោះញាតិ, ញាក់បបូរមាត់លើ នឹងបានបរិភោគអាហារឆ្ងាញ់ពិសារ, ញាក់កៀនខាងឆ្វេង ស្រីនឹងឲ្យលាភ, ញាក់កៀនខាងស្ដាំ កើតជោគជាទីគាប់ចិត្ត។
- ញាក់ដៃឆ្វេង ចាប់ពីកែងដៃចុះទៅក្រោម នឹងមានស្រីធ្វើទោស, ញាក់ខាងស្ដាំ និងមានលាភពីចម្ងាយ។
- ញាក់កែងដៃខាងស្ដាំ នឹងមានមនុស្សស្រឡាញ់, ញាក់កែងដៃខាងស្ដាំ នឹងមានមនុស្សមករក។
- ញាក់ដៃឆ្វេង តាំងពីស្មាចុះទៅក្រោម នឹងមានកេរ្ដិ៍ឈ្មោះ។
- ញាក់ដៃខាងស្ដាំ នឹងបានមាសប្រាក់។
- ញាក់ចង្អុលដៃ និងកូនដៃ នឹងមានរឿងរ៉ាវ។
- ញាក់ម្រាមកណ្ដាល បងប្អូននឹងគិតដល់។
- ញាក់ជង្គង់ស្ដាំ នឹងមានលាភ, ញាក់ជង្គង់ឆ្វេង នឹងបែកបាក់ប្ដីប្រពន្ធ។
- ញាក់ស្មាឆ្វេង នឹងមានទុក្ខ, ញាក់ស្មាស្ដាំ បានសេចក្ដីសុខ សំរាន្តក្សាន្តចាកទុក្ខភ័យ៕


0 comments:
Post a Comment