តើអ្វីជាព្រះធម៌?


តើអ្វីជាព្រះធម៌?

ធម៌ (ភាសាសំស្ក្រឹត: धर्म dhárma, ភាសាបាលី: धम्म dhamma, អង់គ្លេស: Dharma) គឺ​ជា​ពាក្យ​ទូទៅ​មួយ​ដែល​មាន​អត្ថន័យ​ច្រើន​យ៉ាង​​អាស្រ័យ​ទៅ​តាម​សាសនា​នីមួយៗ។នៅ​ក្នុង​ភាសាខ្មែរ ធម៌​គឺ​ជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេ​អាច​ប្រែ​ម្យ៉ាង​ទៀត​ថា ធម៌គឺ​ជាក្បួន​ច្បាប់​សំរាប់​ដឹកនាំ​សត្វ​លោក​អោយប្រព្រឹត្ត​​ទៅ​តាម​គន្លងល្អ។​ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌ ។ល។

ព្រះ គឺជាសំដៅដល់ ព្រះគោតម​សម្មា​សម្ពុទ្ធ​ ដែល​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​ ៥ ​ព្រះ​អង្គ ​គឺ ​កុកសន្ធោ ​កោនាគមនោ ​កស្សបោ ​គោតម និង​ ​អរិយមេតេ្តយ្យ ​ដែល​នឹង​​ត្រាស់​ដឹង​​នា​អនាគត​កាល ។

ហេតុនេះ ពាក្យ​ថាព្រះធម៌ មាន​ន័យ​ថា គឺ​ជា​ពាក្យ​ទេសនា​អប់រំ​ទូន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធអោយ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ជា​កណ្តាលគឺ​មជ្ឈិមបដិបទា ដែល​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​គួរ​គោរព​ប្រតិបត្តិតាម​ដើម្បី​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ក៏​ដូច​ជា​ក្នុង​កាល​ជា​អនាគត ប្រសើរ​ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​រួច​ផុត​ចាកទុក្ខ​ទាំង​ពួង​គឺ​​ព្រះនិព្វាន។
ព្រះ​ធម៌​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​រតនៈ​ទាំង​៣ គឺ​ ពុទ្ធ​រតនៈ ធម្មរតនៈ និង សង្ឃរតនៈ។
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment